ល្បែងភ្នាល់ទឹកភ្លៀង បានវាយលុកពេញក្រុងភ្នំពេញ តែមិនឃើញអាជ្ញាធរបង្រ្កាបទាល់តែសោះ

រាជធានីភ្នំពេញ ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា: ល្បែងស៊ីសងចាក់ភ្នាល់ទឹកភ្លៀង កំពុងចាប់ផ្តើមរដូវកាលថ្មីធ្វើឲ្យអ្នកលេងទឹកភ្លៀង នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ កំពុងត្រូវប៉ាន់សារជាថ្មីទៀត។ ការលេងល្បែងនេះ បានធ្វើផ្ទុយពីបទបញ្ជារាជរដ្ឋភិបាល ពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានចែងបញ្ជាក់យ៉ាងច្បាស់ ពីវិធានការទប់ស្កាត់បង្ក្រាប បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ព្រោះទីតាំងបនល្បែងស៊ីសង គឺជាប្រភព បង្កើតឱ្យមានបទល្មើសក្នុងសង្គម រំខានសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ ការបើកលេង ល្បែងភ្នាល់ទឹកភ្លៀង ជារៀងរាល់ឆ្នាំយ៉ាងចំហ គ្មានអ្វីលាក់បាំងទេ។

គេសង្កេតឃើញនៅតាមហាងកាហ្វេមួយចំនួន នៅក្នុងទឹកដីខណ្ឌ៧មករា ជាពិសេសនៅតាមផ្លូវលេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២ និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានអ្នកលេខភ្នាល់ទឹកភ្លៀង ដែលមកអង្គុយផឹកកាហ្វេ ឲ្យតែមេឃចាប់ផ្តើមងងឹតគឺ អ្នកដែលចូលផឹកកាហ្វេ អង្គុយលែងជាប់កៅអីហើយ។ ជាច្រើនឆ្នាំទីតាំងបនល្បែងភ្នាល់ទឹកភ្លៀង ក្នុងខណ្ឌ៧មករា គ្មានការបង្ក្រាបរហូតមកទល់ពេលនេះ ក៏ព្រោះតែអ្នកម៉ៅការកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវាឱ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យរំខាន ឬធ្វើការបង្ក្រាបទីតាំងបនល្បែងរបស់គេ ដោយសារតែបែបនេះហើយ ទើបបានជាប្រជាពលរដ្ឋ នាំគ្នាហៅបនល្បែង ភ្នាល់ទឹកភ្លៀង នេះថាជាល្បែងភ្នាល់ប្រវត្តិសាស្ត្រ។

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងគេសង្កេតឃើញ មានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែងនេះ គេហៅថាជញ្ជីងស៊ីសងភ្នាល់ទឹកភ្លៀង ហើយគេប្រើប្រាស់វិទ្យុទាក់ទង ប្រកាសភ្នាល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរទីតាំងលេងភ្នាល់ទឹកភ្លៀង បានឲ្យដឹងថា អ្នកលេងទឹកភ្លៀងគេភ្នាល់ចាក់ធំណាស់ គឺរាប់រយរាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មាន។ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀង អ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែង មកជួបជុំនៅតាមហាងកាហ្វេដើម្បីដេញថ្លៃគ្នា។

ករណីអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងគេមិនដែលឃើញ មានសមត្ថកិច្ចណាចុះមកបង្ក្រាបទេ ដោយសារមានមន្ត្រីប៉ូលីសមួយចំនួន លេងភ្នាល់ទឹកភ្លៀងដែរ។ ពាក់ព័ន្ធករណីនេះបើតាមប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង គឺគេមានមេធំរបស់គេចាំបង់លុយឲ្យមេៗ គឺគេបង់ម្តងមួយរដូវកាលតែម្តង​ ។ ប្រជាពលរដ្ឋបាននិយាយថា បើគិតថាល្បែងមួយនេះ ជាល្បែងប្រឆាំងនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ហេតុដូចម្តេច អាជ្ញាធរមិនព្រមបង្ក្រាប ?
លោកស្នងការរាជធានីភ្នំពេញ និងលោកអធិការខណ្ឌ៧មករានេះតែម្តង ឬមួយមិនដឹងរឿងនេះសោះ តែបែរជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាអ្នកដឹងទៅវិញ ។ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានអស់សង្ឃឹមនឹងលោកស្នងការ តែនៅតែជាក្តីសង្ឃឹមលើចំណាត់ការពីលោក ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ ។

ខាងអង្គភាពខ្ញុំ រងចាំការបំភ្លឺ ប្រសិនបើមិនមានល្បែងភ្នាល់ទឹកភ្លៀងនៅកន្លែងរៀបរាប់ខាងលើ មិនមែនជាការពិត។